អាថ៌កំបាំង ដែលធ្វើឱ្យទីក្រុងអច្ឆរិយដ៏ស្រស់ស្អាតទាំងនេះ ធ្លាប់ត្រូវបានគេបោះបង់ចោល ក្នុងនោះក៏មានកម្ពុជាដែរ!

Posted by

ទីក្រុងបុរាណល្បីៗជាច្រើនមកហើយ ដែលត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញ និងជីកកកាយជាបន្តបន្ទាប់ រហូតបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសំណង់បុរាណដ៏ល្អពិចិត្រឥតខ្ចោះកាលពីសម័យមុន ហើយក៏បានយកមកអភិរក្សថែរក្សា រហូតក្លាយទៅជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃ ដែលមានស្រូបទាញចំនួនអ្នកទេសចរមកកម្សាន្តយ៉ាងច្រើនកុះករផងដែរក្នុងមួយឆ្នាំៗ។

ដោយទីក្រុងទាំងនោះមួយចំនួនបានរក្សាទ្រង់ទ្រាយរូបរាងល្អដដែល ឯសំណង់ខ្លះក៏រងនូវការបែកបាក់ស្ទើរតែទាំងស្រុង ហើយសំណង់ទីក្រុងខ្លះទៀតដែលធ្លាប់ប្រទះតែក្នងសំណេរចរិកបុរាណនោះ បែរជាត្រូវបានគេរកឃើញថាមានពិតនៅលើលោកទៅវិញ។

ដូច្នេះចង់ដឹងថា តើសំណង់ទីក្រុងដែលត្រូវបានគេបោះបង់មានរូបរាង និងអាថ៌កំបាំងយ៉ាងណា សូមមកធ្វើការតាមដានទាំងអស់គ្នា៖

១. ទីក្រុង Machu Pichhu ប្រទេសប៉េរ៉ុ

Machu Pichhu គឺជាទីក្រុងបុរាណមួយនៃសម័យ Inca ដែលគេហៅវាថា « ទីក្រុងដែលបាត់បង់នៃអាណាចក្រ Incas » ។ ទីក្រុងមួយនេះស្ថិតនៅលើភ្នំ Urubamba នៃប្រទេសប៉េរុ ដែលមានរយៈកម្ពស់ ២៤៣០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ និងមានចម្ងាយពីភាគពាយព្យនៃទីក្រុង Cusco ប្រមាណជា ៨០គីឡូម៉ែត្រ។

ទីក្រុងនេះត្រូវបានសាងសង់ឡើងនៅក្នុងសត្សវត្សរ៍ទី ១៥ ខ្ទង់ឆ្នាំ ១៤៥០ ដោយអធិរាជ Pachacuti នៃអាណាចក្រ Inca ក្រោយមកក៏ត្រូវបានគេបោះបង់ចោលប្រមាណជា ១០០ឆ្នាំ ដោយសារតែការឈ្លានពានពីពួកអស្ប៉ាញនៅប៉ែកអាមេរិកខាងត្បូង។ ក្រោយមកនៅក្នុងឆ្នាំ ១៩១១ ទីក្រុងបុរាណនេះត្រូវបានអ្នកស្រាវជ្រាវម្នាក់រកឃើញ នោះគឺលោក សាស្ត្រាចារ្យ Hiram Bingham ថែមទាំងបាននិពន្ធសៀវភៅមួយក្បាលអំពីទីក្រុងនេះមានឈ្មោះថា “The Lost City of the Incas” ។

បន្ទាប់មក ទីក្រុងនេះក៏ចាប់មានឈ្មោះល្បីល្បាញដោយសារតែស្នាដៃសាងសង់ដ៏អស្ចារ្យ និងសំណង់ដែលនៅតែរក្សារូបរាងពេញលេញរហូតសព្វថ្ងៃ ដោយបានទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តយ៉ាងច្រើនកុះករ ថែមទាំងបានចុះឈ្មោះជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅក្នុងឆ្នាំ ១៩៨៣ទៀតផង។ គួរឱ្យដឹងផងដែរថា ទីក្រុងដ៏ល្បីនេះ មានព្រឹត្តិការណ៍ដ៏អស្ចារ្យ២ដងក្នុងមួយឆ្នាំ នោះគឺព្រះអាទិត្យរះចំកណ្តាលទីក្រុងនេះ ថែមទាំងគ្មានស្រមោលផងដែរ។

២. ទីក្រុងអង្គរ ប្រទេសកម្ពុជា

ទីក្រុងអង្គរ គឺជាទីក្រុងបុរាណមួយនៃចក្រភពអង្គរដ៏ល្បីល្បាញ ថែមទាំងមានការរីកចម្រើន និងរុងរឿងដល់កំពូលស្ទើរគ្រប់វិស័យចាប់ពីសតវត្សរ៍ទី ៩ រហូតដល់សតវត្សរ៍ទី ១៥។ ជាពិសេសនោះ នៅដើមសត្សវត្សរ៍ទី ១២ ព្រះបាទសុរ្យវរ្ម័នទី២ ថែមទាំងបានសាងសង់ប្រាសាទអង្គរវត្ត ដែលជាវិមានសាសនាដ៏ធំអស្ចារ្យមួយបំផុតក្នុងលោកនៅទីក្រុងអង្គរនេះផងដែរ ដើម្បីឧស្ទិសដល់សាសនាព្រាហ្មណ៍ (វិស្ណុលោក) ​រួមទាំងប្រាសាទអស្ចារ្យរាប់រយប្រាសាទផ្សេងទៀត។

តែគួរឱ្យស្តាយនៅចុងសតវត្សរ៍ទី ១៥ ទីក្រុងដ៏ល្បីល្បាញនេះបានចាប់ផ្តើមធ្លាក់ចុះដោយសារតែការលុកលុយ និងដុតបំផ្លាញពីសំណាក់ប្រទេសជិតខាងឈ្លានពានរហូតដល់សម្រេចចិត្តបោះបង់ទីក្រុងនេះចោលទាំងស្រុងតែម្តងឱ្យស្ថិតនៅកណ្តាលទ្រូងព្រៃស្ងាត់ជ្រងំ។

រហូតដល់ឆ្នាំ១៨៦០ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយ ធម្មជាតិវិទូបារាំងលោក អង់ហ៊្រី-មូហ៊ត (Henri Mouhot) ហើយលោកក៏បានកត់ត្រាការរុករកនៃការឃើញទីក្រុងដ៏អស្ចារ្យមួយនេះ រហូតធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលចំពោះសំណង់វិមានដ៏ធំស្កឹមស្កៃ ប្រកបដោយក្បាច់រចនាដ៏ល្អពិចិត្រគ្មានពីរដែលសឹងមិនជឿថាជាស្នាដៃសាង់សង់របស់បុព្វបុរសខ្មែរនេះផងដែរ។

ក្រោយមកទីក្រុងអង្គរ ក៏ចាប់មានឈ្មោះល្បីរន្ទឺពាសពេញពិភពលោក និងបានស្រូបទាញភ្ញៀវទេសចរមកកម្សាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗ រហូតបានជាប់ឈ្មោះជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ ១៩៩២ ទៀតផង។

គួរឱ្យដឹងផងដែរថា ទីក្រុងអង្គរក៏មានព្រឹត្តិការណ៍ព្រះអាទិត្យរះចំកណ្តាលប្រាសាទដ៏អស្ចារ្យ ២ដងក្នុងមួយឆ្នាំផងដែរ គឺនៅក្នុងខែមីនា និងខែកញ្ញា។

ក្រុងអង្គរ ប្រទេសកម្ពុជា

៣. ទីក្រុង Pompeii ប្រទេសអ៊ីតាលី

ទីក្រុង Pompeii គឺជាទីក្រុងដ៏ល្បីល្បាញមួយ ដែលត្រូវបានបំផ្លាញចោលនៅក្រោមគំនរដី និងផេះ ដោយសារតែបន្ទុះភ្នំភ្លើង Vesuvius ដ៏ធំសម្បើមមួយនៅក្នុងឆ្នាំ ៧៩ មុនគ្រិស្កសករាជ ហើយបានសម្លាប់អាយុជីវិតប្រជាជនស្ទើរតែមួយទីក្រុង ដោយប្រជាជនខ្លះក៏នៅរស់រានមានជីវិតដោយការរត់ភៀសខ្លួនទាន់ពេលវេលា។ ហើយបន្ទុះភ្នំភ្លើងនេះផងដែរ ក៏បានសម្លាប់ប្រជាជនមួយទីក្រុង Herculaneum ទៀតផង។

ក្រោយការបាត់បង់ទីក្រុងនេះអស់រយៈពេលជិត ២០០០ឆ្នាំ ក្រោយមកក្នុងសតវត្សរ៍ទី ១៨ ទីក្រុងចាស់បុរាណដ៏ល្បីល្បាញមួយនេះ រួមទាំងគំនរឆ្អឹងសាកសពជាច្រើនត្រូវបានគេរកឃើញ ហើយក៏បានក្លាយទៅជាទីក្រុងដែលសម្បូរភ្ញៀវទេសចរមកកម្សាន្តលេងផងដែរ។

គួរឱ្យដឹងផងដែរថា ភ្នំភ្លើង Vesuvius នៅតែមានសកម្មភាព គ្រាន់តែវាមិនបង្កគ្រោះថ្នាក់ដល់ប្រជាជន ឬភ្ញៀវទេសចរដែលមកកម្សាន្តនោះឡើយ រហូតគ្មានអ្នកណាអាចស្មានបានថាភ្នំភ្លើងមួយនេះធ្លាប់បានបំផ្លាញទីក្រុង និងប្រជាជនក្នុងទីក្រុងយ៉ាងព្រៃផ្សៃពីមុនមកនោះឡើយ។