ស្វែងយល់ពីព្រះបរមរាជវាំងចតុមុខមង្គល

Posted by

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយបានរៀបចំឡើងនៅភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដមនិងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិរហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គលដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មានទន្លេមេគង្គលើទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំងសាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ។

ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង៤២១ម៉ែត ខាងលិចប្រវែង ៤៣៥ម៉ែត ខាងជើងប្រវែង ៤៨៤ម៉ែត និងខាងត្បូងប្រវែង ៤៣២ម៉ែត។កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើងនៅឆ្នាំ១៨៦៦ – ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។

នៅប្រាសាទបាយ័នទ្វារជ័យ និងទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃទ្វារជ័យ។ ចំណែកឯព្រះបរមរាជវាំងវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះត្រូវបានគេអនុញ្ញាតិអោយប្រើតែពេលណាមានព្រះមហាក្សត្រចូលទីវង្គតដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។សំណង់ទាំងឡាយក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើនមានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។

ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូលហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿងតំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា ក្នុងរួមមាន៖

ប្រាសាទទេវាវិនិច្ឆ័យសាងសង់ក្នុងរាជព្រះបាទស៊ីសុវត្ថិ ក្នុងឆ្នាំ ១៩១៣ -១៩១៧ ហើយធ្វើពិធីសម្ពោធ នៅថ្ងៃ ទី ១៦ មិថុនា ១៩១៩។ ទំហំប្រាសាទ បណ្តោយ៦០ម ទទឹង ៣០ម និងមានកំពូលស្រួចកំពស់ ៥៩ម ជាព្រះទីនាំង សម្រាប់ធ្វើ៖

* ពិធីរាជាភិសេក ព្រះមហាក្សត្រឡើងសោយរាជ្យ
* ព្រះរាជពិធីបុណ្យទ្វារទសមាស
* ព្រះរាជសាវនាការថ្វាយការតាំង
* ពិធីសច្ចាប្រណិធាន
* ព្រះរាជបដិសណ្ឋារកិច្ច ចំពោះភ្ញៀវជាន់ខ្ពស់ជាតិ និងអន្តរជាតិ។

ក្នុងប្រាសាទទេវាវិនិច្ឆ័យ ចែកចេញជា ព្រះទីនាំងស្វេតឆ័ត្រ ហោរាជបណ្ឌិតហោព្រះអដ្តិ ព្រះទីនាំងក្សិណ ព្រះទីនាំងបុស្បុក ព្រះទីនាំងមហាមន្ទីរព្រះទីនាំងនារីរ័ត្នសោភា ព្រះទីនាំងចក្រពត្តិ និងព្រះទីនាំងព្រះស្ងោយ។ នៅលើកំពូលស្រួច មានរូបព្រះភក្ត្រព្រះព្រហ្មមុខ៤ដែលបែរព្រះភក្ត្រទៅរកទិសទាំង៤

១-ប្រាសាទខេមរិន្ទ ស្ថិតនៅខាងលិច ឈៀងខាងជើង ប្រាសាទទេវាវិនិច្ឆ័យកសាងក្នុងឆ្នាំ ១៩២៧ – ១៩៣០ ដោយអ្នកឧកញ៉ាទេពនិម្មិត ខៀវ ក្នុងរជ្ជកាល ស៊ីសុវត្ថិមុនីវង្សព្រះបាទស៊ីសុវត្ថិមុនីវង្ស។ បច្ចុប្បន្នជាព្រះរាជដំណាក់ ដែលព្រះមហាក្សត្រគង់នៅជាអចិន្ត្រៃយ៍។ប្រាសាទនេះ ត្រូវបានព្រះមហាក្សត្រប្រើប្រាស់ សំរាប់ទទួលភ្ញៀវកិត្តិយសធំៗ បណ្ដាប្រមុខរដ្ឋបរទេសដែលមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ស្នាក់អាស្រ័យ ដូចជាលោកប្រធានាធិបតីបារាំង សាលដឺហ្គោល ជាដើម។

២-ប្រាសាទសហមេត្រី ស្ថិតនៅខាងជើងហោសម្រាន្តភិរម្យក្បែរកំពែងព្រះបរមរាជវាំងខាងជើង កសាងឡើងនៅឆ្នាំ ១៩៥០ក្នុងរជ្ជកាលព្រះបាទនរោត្ដមសីហនុ ជាព្រះរាជដំណាក់ថ្មីសម្រាប់ព្រះមហា ក្សត្រីស៊ីសុវត្ថិកុសុមៈនារីរ័ត្ន ជាព្រះវររាជមាតារបស់ព្រះអង្គតាំងឧបោសថសិល នៅទីនោះ ក្រោយពេលដែលព្រះស្វាមីព្រះបាទនរោត្តមសុរាម្រិត បានចូលទិវង្គត។ពីមុនជាកន្លែងសំរាប់ជួបជុំនាយទាហានការពារព្រះបរមរាជវាំង ហើយក្រោយមកទៀតត្រូវបានប្រើប្រាស់ជាលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិជាន់ខ្ពស់។

៣-ប្រាសាទហោសំរាន្តភិរម្យ ស្ថិតនៅខាងជើងប្រាសាទទេវាវិនិច្ឆ័យកសាងឡើងក្នុងឆ្នាំ ១៩១៥ – ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិជាកន្លែងសម្រាប់ទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀមប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ ។ នៅជាន់ខាងលើជាបន្ទប់សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយ មុននិងក្រោយពេលព្រះអង្គទ្រង់គង់ និងចុះពីគជេន្ទ្រ នៅពេលត្រលប់ពីបរបាញ់សត្វ។ប្រាសាទនេះបានក្លាយទៅជាសារមន្ទីរព្រះសីហនុ ដែលមានតម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋនៃបណ្តាប្រទេសជាមិត្តថ្វាយដល់ ព្រះមហាក្សត្រ។ ក្រោយមកសារមន្ទីរនេះត្រូវបានរើទៅដាក់នៅថែវខាងមុខប្រាសាទភោជនីយវិញ នៅឆ្នាំ ២០០៥រហូតដល់សព្វថ្ងៃ។

៤-ប្រាសាទច័ន្ទឆាយា ស្ថិតនៅជាប់កំពែងខាងមុខឈៀងខាងជើងនៃព្រះបរមរាជវាំង កសាងឡើងនាឆ្នាំ ១៩១៣ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ។សំណង់ស្ថាបត្យកម្ម មានរាងខ្ពស់ស្រលះ គ្មានជញ្ជាំងដើម្បីឲ្យព្រះច័ន្ទចាំងរស្មីទៅខាងក្នុង ផ្នែកខាងលើនៃប្រាសាទនេះគ្មានបន្ទប់ទេ គឺជាធ្លាសម្រាប់រាំក្បាច់របាំ ដើម្បីសម្ដែងទស្សនីយភាពនិង ព្រះរាជពិធីលៀងសាយភោជន៍ ជូនភ្ញៀវជាន់ខ្ពស់។បច្ចុប្បន្ន ប្រាសាទនេះគឺសំរាប់ជាវេទិកាកិត្តិយស ដែលព្រះមហាក្សត្រទ្រង់ទតការហែក្បួនព្យុហយាត្រា នៃថ្ងៃបុណ្យកងទ័ពជាតិ និងជាវេទិកាកិត្តិយសពេលដែលព្រះមហាក្សត្រ ទ្រង់ថ្លែងសុន្ទរក ថាទៅកាន់ប្រជារាស្ត្ររបស់ព្រះអង្គនៅពេលមានពិធីបុណ្យសំខាន់ៗ ផ្សេងៗ។

៥-ព្រះទីនាំងភោជនីយ កសាងឡើងនៅឆ្នាំ ១៩១៣ – ១៩១៧សំរាប់ប្រើប្រាស់ក្នុងពិធីលៀងសាយភោជន ក្នុងពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ និងសំរាប់ការសំដែងសិល្បៈ ឬ ផ្ទាំងទស្សនីយភាព ភាពយន្តជូនដល់ភ្ញៀវកិត្តិយសជាន់ខ្ពស់ របស់ព្រះមហាក្សត្រ។ នៅក្នុងពិធីចំរើនព្រះជន្មព្រះមហាក្សត្រជាទូទៅប្រព្រឹត្តទៅមានរយៈពេល៥ថ្ងៃ (លើកលែងតែឆ្នាំដែលមានឈ្មោះសត្វ ត្រូវគ្នានឹងកំណើតព្រះអង្គគឺមានរយៈពេល១សប្តាហ៍។នៅពេលនេះហើយដែលនាម៉ឺនាសព្វមុខមន្ត្រីបានរៀបចំដាក់តាំងផលិតផលដ៏មានតំលៃផ្សេងៗ នៅលើតុដែលគេរៀបចំនៅតាមថែវខាងកើត និងខាងត្បូងនៃព្រះទីនាំងភោជនីយ ដែលគេអោយឈ្មោះថាបុណ្យតាំងតុ។

៦-វិមានស្តេចណាប៉ូឡេអុងទី៣ កសាងឡើងដោយដែក មានលំអដោយរូបនាឡិកា១ដ៏ធំសំរាប់រាជនីជា ព្រះជាយារបស់ ព្រះចៅអធិរាជណាប៉ូឡេអុងទី៣ព្រះនាម ព្រះអធិរាជនីអីហ្ស៊េនី ត្រូវបានបើកសម្ពោធ នៅឆ្នាំ ១៨៦៩។បន្ទាប់មកព្រះចៅអធិរាជណាប៉ូឡេអុងទី៣បានថ្វាយជាអនុស្សាវរីយ៍ដល់ព្រះបាទនរោត្តម ក្នុងឆ្នាំ១៨៧០ដើម្បីជាចំណងមិត្តភាពបារាំង-ខ្មែរយូរអង្វែង ហើយប្រាសាទនេះត្រូវបានរៀបចំដំឡើងឡើងវិញ តាមគំរូដើមទាំងអស់ ក្នុងឆ្នាំ ១៨៧៦។វិមាននេះត្រូវបានធ្វើការជួសជុលជាថ្មីដោយក្រុមអ្នកបច្ចេកទេសស្ម័គ្រចិត្តបារាំង១ក្រុមនៅក្នុងឆ្នាំ ១៩៩២។បច្ចុប្បន្ន ប្រាសាទនេះត្រូវបានគេរៀបចំ ដាក់តាំងនូវផ្ទាំងគំនូរ វត្ថុសិល្បៈនិងព្រះឆាយាលក្ខណ៍ អតីត។

៧-ព្រះវិហារព្រះកែវមរកត មានដំកល់ព្រះពុទ្ឋបដិមា១អង្គធ្វើអំពីត្បូងកែវដ៏មានតំលៃ ដែលមានព៌ណដូចមរកត។ រូបព្រះកែវមរកតពិតនោះត្រូវបានសៀមប្រមូលយកទៅជាមួយនឹងរូបព្រះគោ នៅពេលវាយលុកបានក្រុងអង្គរក្នុងឆ្នាំ ១៤២០។ ភ្ញៀវបរទេសនិយមហៅថា វត្តប្រាក់ព្រោះបាតក្រោមនៃព្រះវិហារមានក្រាលការ៉ូអំពីប្រាក់សុទ្ឋ ។ព្រះវិហារព្រះកែវមរកតត្រូវបានកសាងឡើងអំពីឈើ ដោយព្រះបាទនរោត្តមក្នុងឆ្នាំ១៨៩២ រួចសាងសង់ជាថ្មី ឡើងវិញអំពីថ្ម ដោយព្រះបាទនរោត្តមសីហនុក្នុងឆ្នាំ ១៩៦២។ វត្តនេះមានឈ្មោះថាវត្ត តែពុំមានព្រះសង្ឃគង់នៅដូចវត្តដ៏ទៅឡើយ។កាលពីឆ្នាំ ១៩៤៧ ទីនេះមានតែព្រះបាទនរោត្តមសីហនុទេដែលគង់នៅទីនោះ ព្រោះព្រះអង្គបានសាងព្រះផ្នួសអស់រយៈពេល១ព្រះវស្សាគឺនៅថ្ងៃទី ១កក្កដា ឆ្នាំ ១៩៤៧។

៨-សារមន្ទីររោងដំរី កសាងក្នុងឆ្នាំ១៨៩២ ស្ថិតនៅខាងត្បូងវត្តព្រះវិហារព្រះកែវមរកត ជាប់របងព្រះបរមរាជវាំង ដែលពីដើម គេហៅថា រោងដំរីជាកន្លែងរក្សាទុកប្រដាប់ប្រដា និងចិញ្ចឹមសត្វដំរី ត្រៀមទុកហែក្បួនក្នុងព្រះរាជពិធីបុណ្យផ្សេងៗ។ នៅឆ្នាំ ១៩៩៦ ក្រោយព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់សម្ដេចព្រះរាជអង្គមហេសី នរោត្ដម មុនីនាថសីហនុ រោងដំរីនេះត្រូវបានរៀបចំជួសជុល កែលំអទៅជាសារមន្ទីររោងដំរី ដើម្បីដាក់តាំងបង្ហាញនូវគ្រឿងប្រដាប់ប្រដាហែក្បួនដំរី ហើយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរដែលរួមមានសាលពិព័រណ៍ រូបថត លំនៅស្ថានខ្មែរ និងសំលៀកបំពាក់ប្រពៃណីខ្មែរផ្ទះបុរាណខ្មែរ ចំនួន២ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ សាលតាំងនិងលក់វត្ថុអនុស្សាវរីយ៍ បន្ទប់តាំងគ្រឿងហែក្បួនដំរីបន្ទប់តាំងព្រះឆាយាលក្ខណ៍ ស្ដីពីព្រះរាជសកម្មភាព ព្រះករុណាព្រះបាទនរោត្ដមសីហនុ និងចុងក្រោយ បន្ទប់តាំងគ្រឿងហែក្បួនព្រះរាជពិធីទ្វារទសមាស៕