សករាជ រៃវ៉ា «Reiwa» របស់ព្រះចៅអធិរាជជប៉ុនថ្មី Naruhito មានអត្ថន័យដូចម្តេច?

Posted by

កាលពីថ្ងៃទី៣០ ខែមេសា កន្លងមកនេះ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) បានប្រកាសដាក់រាជ្យ ដោយនឹងផ្ទេររាជសម្បតិ្តជូនព្រះបុត្រារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ ណារុហ៊ីតុ (Naruhito) ដើម្បីបន្តសករាជថ្មីរបស់ប្រទេសជប៉ុន ដោយនឹងត្រូវផ្លាស់ប្ដូរឈ្មោះទៅជា សករាជ រៃវ៉ា «Reiwa» វិញ។

ព្រះចៅអធិរាជបច្ចុប្បន្ន Akihito (ឆ្វេង) ព្រះចៅអធិរាជថ្មី Naruhito (ស្តាំ)

បើតាមសារព័ត៌មាន BBC News លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានពន្យល់ពីអត្ថន័យនៃឈ្មោះសករាជថ្មីនេះថា រជ្ជកាលរបស់អធិរាជជប៉ុនថ្មី «Reiwa» មានន័យថា «ភាពសុខដុម Harmony»  នឹងត្រូវបានជំនួសរជ្ជកាលរបស់ព្រះចៅអធិរាជបច្ចុប្បន្ន ក្នុងភាសាជប៉ុន មានន័យថា «Heisei» គឺ «សន្តិភាពជានិរន្តរ៍» ពោលគឺសន្តិភាពត្រូវបានសាបព្រោះពាសពេញគ្រប់កន្លែង ដើម្បីសេចក្តីរបស់ប្រជាជនជប៉ុន និងពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានបន្តថា នេះជារបត់ប្រវតិ្តសាស្រ្តយ៉ាងសំខាន់បំផុតរបស់ប្រទេសជប៉ុន ដោយរាល់តម្លៃនៃវប្បធម៌ដ៏ថ្លៃថ្លារបស់ជប៉ុនមិនត្រូវបានថមថយឡើយ។

រជ្ជកាល «Heisei» របស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ (Akihito) ដែលទ្រង់បានសោយរាជ្យចាប់តាំងពីឆ្នាំ១៩៨៩ រហូតដល់ពេលបច្ចុប្បន្ន មានរយៈពេល៣០ឆ្នាំ។ រាជសម្បតិ្តរបស់ព្រះអង្គនឹងត្រូវផ្ទេរទៅព្រះអង្គម្ចាស់ Kōtaishi Naruhito Shinnō ដែលជាបុត្រាច្បង ក្នុងចំណោមបុត្រទាំងបីរបស់ទ្រង់ ដោយនឹងរៀបចំព្រះរាជពិធីគ្រងរាជ្យសម្បត្តិ តាមបែបប្រពៃណីជាតិជប៉ុនដ៏ឱឡារឹកមួយ នាថ្ងៃទី០១ ខែឧសភា ខាងមុខនេះ។

សូមបញ្ជាក់ថា ការដាក់រាជ្យសម្បតិ្តរបស់ព្រះចៅអធិរាជ Akihito ស្ថិតក្នុងព្រះជន្ម ៨៥ព្រះវស្សា ដោយសារព្រះអង្គមានបញ្ហាព្រះរាជសុខភាព និងមិនអាចបន្តព្រះរាជកិច្ចប្រទេសជាតិយ៉ាងច្រើនតទៀតបានឡើយ៕

ព្រះអង្គម្ចាស់ Naruhito និងភរិយា

ព្រះអង្គម្ចាស់ Naruhito