រថយន្តរបស់អតីតមេខ្មែរក្រហម នួន ជា ត្រូវបានថែរក្សាទុកជារបស់បេតិកភណ្ឌ

Posted by

ទោះបីពេលនេះរថយន្តរបស់អតីតមេខ្មែរក្រហម នួន ជា មានអាយុកាលច្រើនឆ្នាំ បាត់បង់រូបឆោម និងមិនអាចដំណើរការបានស្រួលដូចដើម និងកំពុងស្ថិតនៅក្នុងយានដ្ឋានដ៏តូចមួយនៃទឹកដីខេត្តសៀមរាប ត្រូវបានបុរសម្នាក់មកតថ្លៃទិញ ដោយឱ្យ៤ម៉ឺនដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយពីប្រភពសារព័ត៌មានក្នុងស្រុកមួយ។

រថយន្តរបស់អតីតមេខ្មែរក្រហម នួន ជា មួយគ្រឿងនេះ ម៉ាក”FORD GRANADA”ផលិតនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៧៥។ រថយន្តនេះត្រូវបានអះអាងថា កាលដើមឡើយមានពណ៌ក្រហមក្រម៉ៅ(ឈាមជ្រូក) តែបច្ចុប្បន្នពណ៌ខ្មៅ។ មុនពេលមកដាក់នៅយានដ្ឋានដ៏តូចមួយនេះ រថយន្តនេះមានម្ចាស់ពី២ទៅ៣នាក់រួចមកហើយដែរ។

ព្រះតេជគុណព្រះនាមតាតមហាទីព្រះចៅអធិការវត្តព្រះឥន្ទកោសារ បានឱ្យដឹងថា រថយន្តនេះពីដើមឡើយជាកម្មសិទ្ធរបស់លោក នួន ជា។ នៅពេលបន្ទាប់រថយន្តនេះក៏ក្លាយទៅជារបស់សម្តេចជា ស៊ីម ប្រើប្រាស់រហូត។ លុះរយៈពេលជាង១០ឆ្នាំមុនកូនសិស្សរបស់ព្រះអង្គបានយកមកប្រគល់ឱ្យព្រះអង្គថែរក្សានិងសម្រាប់បើកជូនសម្តេចសង្ឃទេព វង្ស ពេលនិមន្តមកសៀមរាប ម្តងម្កាល។

លុះក្រោយពីរថយន្តមានសភាពទ្រុឌទ្រោមព្រះអង្គក៏បានគ្របទុកនៅក្នុងវត្ត ក៏មានថៅកែសណ្ឋាគារធំៗនៅសៀមរាប មកសុំប្តូរយករថយន្តនេះទៅជួសជុលសម្រាប់ដឹកភ្ញៀវប្រចាំសណ្ឋាគារ ដោយទិញរថយន្តថ្មីផ្សេងប្រគេនព្រះអង្គវិញ ត្បិតរថយន្តនេះជារបស់ដែលកម្រ។ ប៉ុន្តែព្រះអង្គមិនព្រមដូរទេ ក្រោយមកព្រះអង្គបានប្រគល់រថយន្តនេះឲ្យលោកគង់ មង្គល ប្រធានសហគមន៏បឹងពារាំង យកទៅកាន់យានដ្ឋានមួយ ដើម្បីរៀបចំជួសជុលឱ្យក្លាយទៅជារថយន្តថ្មីនិងដូចដើមវិញ ដោយចំណាយទឹកប្រាក់ពី៥ទៅ៦ពាន់ដុល្លារ។

លោកគង់ មង្គល ប្រធានសហគមន៏បឹងពារាំង បញ្ជាក់ថា មុនពេលរូបលោកយករថយន្តនេះចូលក្នុងយានដ្ឋាន មានជនបរទេសម្នាក់តាមរយៈមគ្គុទេសន៏មកសុំទិញដោយឱ្យតម្លៃ៤ម៉ឺនដុល្លារអាមេរិក។ប៉ុន្តែលោកសម្រេចថាមិនអាចលក់បានឡើយ គឺរក្សាទុកឱ្យក្លាយជារបស់បេតិកភណ្ឌ។លោកបញ្ជាក់ថាបើគិតអំពីតម្លៃដែលគេសុំទិញ វាពិតជាថ្លៃណាស់ ពីព្រោះរថយន្តចាស់អស់ទៅហើយ។ ម្យ៉ាងវិញទៀត បើយើងចង់លក់ឱ្យអ្នកទិញជិះ គឺគ្មាននរណាទិញនោះទេ។ ប៉ុន្តែវាជារបស់ដែលស្ទើរតែគ្មាននៅក្នុងប្រទេសកម្ពុជា។ ចឹងទេសុំរក្សាទុកឱ្យក្លាយជារបស់បេតិកភណ្ឌចុះ។ ចំណែកម្ចាស់យានដ្ឋានដែលសុំមិនបង្ហាញទីតាំងនិងឈ្មោះក៏បានបញ្ជាក់ថាលោកនឹងរៀបចំឱ្យរួចរាល់ជាស្ថាពរ ក្នុងរយៈពេលជាង១ខែ។ រថយន្តនេះនឹងត្រូវប្តូរយកម៉ាស៊ីនចាស់ចេញដាក់ម៉ាស៊ីនថ្មី (តាកូម៉ា)វិញ ហើយរៀបប្រព័ន្ធភ្លើងជាថ្មីទាំងអស់។ចំណែកថ្នាំក៏ត្រូវបាញ់ពណ៌ដើមវិញផងដែរ។ធ្វើយ៉ាងណាឱ្យមើលពីខាងក្រៅ ដូចដើមវិញទាំងអស់៕