តើរបាំអប្សរា ចាប់ផ្តើមតម្លើងតាំងពីពេលណា?

Posted by

មុនរដ្ឋប្រហារឆ្នាំ ១៩៧០ រាល់ដំណាច់ឆ្នាំសិក្សានៅសាលាបឋមសិក្សានានាទូទាំងប្រទេសកម្ពុជាតែងតែប្រារព្វពិធីដំណាច់ឆ្នាំ ដើម្បីផ្ដល់រង្វាន់លើកទឹកចិត្តដ​ល់សិស្សពូកែ ។ ដើម្បីឲ្យពិធីមានភាពអ៊ឹកធឹក អ្នកគ្រប់គ្រង សាលាទាំងនោះ បានរៀបចំឲ្យមាន ការសម្តែងសិល្បៈដែលជាការហាត់រៀនរ​បស់សិស្សក្នុងសាលាកន្លងមក ។

ព្រះរាជកន្និដ្ឋា នរោត្តម រស្មីសោភ័ណ ព្រះអនុជនៃព្រះករុណាព្រះបាទ នរត្តម សុរាម្រឹត ក្នុងព្រះរាជឋានៈជា នាយិការនៃសាលាសុធារស មានព្រះតំរិះផ្ដួចផ្ដើមបង្កើតរបាំថ្មី “អប្សរា” ឡើងសម្រាប់សំដែងក្នុងពិធីដំណាច់​ឆ្នាំ ។ ព្រះរាជកន្និដ្ឋា រស្មីសោភ័ណ បានចាប់ផ្ដើម បង្ហាត់របាំនេះក្នុងអម្លុងឆ្នាំ​១៩៥៨ ដែលមានការជួយជ្រោមជ្រែង ជំនាញបន្ថែមពីគ្រូ របាំព្រះរាជវាំង ជា សាមី ហើយបានទទួលនូវភាពជោគជ័យដំបូង ដែលមានអ្នករាំជាតួ ឯកមុន បង្អស់គឺ ព្រះអង្គ ម្ចាស់ក្សត្រី នរោត្ដម វិជ្ជរា ព្រះរាជបុត្រីរបស់ព្រះករុណាព្រះ​បាទ នរោត្ដម សុរាម្រឹត ។ នៅឆ្នាំបន្ទាប់រាំជាតួឯកដោយ ព្រះអង្គម្ចាស់ក្សត្រី នរោត្ដម សុជាតិវត្តីយា ព្រះរាជបុត្រីនៃព្រះករុណាព្រះបា​ទ នរោត្ដម សីហនុ ។

ការដែលអាចឲ្យរបាំអប្សរាអាចដំណើរ​ការសម្ដែងបាននោះគឺ មានការរៀបចំតុបតែង សម្លៀកបំពាក់របស់តួរាំឯក តួរាំរង ការជ្រើសរើសបទភ្លេងទំនុកច្រៀង អ្នកច្រៀងកំដរ ការសំដែង ក្នុងនោះមាន លោកម៉ម ឆាវរី បានដកស្រង់ បែបបទរាំលំនាំប្រហាក់ប្រហែលរបាំភួងនារី និងស្រង់ពាក្យក្នុងរឿង អ៊ីណាវបុស្បា សាកា និងរ៉ាត់ ។ ឯបទភ្លេង យកលំនាំបទ ដើមឈឹង មានអ្នកគ្រូ ជា សាមី ជួយជ្រើសរើស និងអ្នកច្រៀងកំដរ មានអ្នកគ្រូ ជា ខាន់ និងអ្នកគ្រូ ឯម ឆាយ ។

របាំអប្សរាបានចម្រើនលូតលាស់យ៉ាង​ឆាប់រហ័ស ដោយមានការសព្វព្រះរាជហរទ័យនិង យាងចូលរួមដោយ សម្ដេច ព្រះមហាក្សត្រីយានី ស៊ីសុវត្តិ កុសមៈ នារីរ័ត្ន សិរីវឌ្ឍនា ។ ក្រោមការដឹកនាំដ៏ហ្មត់ចត់និងឆ្លៀសវៃ របាំអប្សរា បានឈានដល់កម្រិតកំពូល ល្អឥតខ្ចោះបានចេញរាំលើកដំបូង និង​ថតជាខ្សែភាពយន្តដោយលោក ម៉ាកសែល កាមីស៍ នៅប្រាសាទអង្គរក្នុងខេត្តសៀមរាប​ អម្លុងឆ្នាំប្រហែល ១៩៦១ឬ១៩៦២ រាំដោយព្រះ អង្គម្ចាស់ក្សត្រី នរោត្ដម បុប្ផាទេវី ។ រយៈពេល នោះមានការកែលំអរសម្លៀកបំពាក់និង​គ្រឿងអលង្កាថ្មីខ្លះៗ ដល់តួឯក និងតួរង ភាពល្អប្រណិតកាន់តែកើតមានលើរបាំ​អប្សរា ។ នៅឆ្នាំ១៩៦៣ របាំអប្សរាបានចេញសម្ដែងជាលក្ខណៈ​អន្តរជាតិ លើកដំបូងនៅទីក្រុង ប៉ារីសប្រទេសបារាំង បន្ទាប់មករបាំអប្សរាបានចេញសម្ដែ​ងជាលើកទីពីរក្នុងកម្មវិធីសម្ភោធ​ មហោស្រពពិភពលោកនៅប្រទេសសឹង្ហបុរី អម្លុងឆ្នាំ ១៩៦៤ ។ ចាប់ពីពេលនោះរបាំអប្សរា បានទទួលភាព ជោគជ័យ ល្បីនិងទទួលការកោតសសើរពីមជ្ឈដ្ឋានអន្តរជាតិជាច្រើន ។ ភាពល្បីល្បាញនៃរបាំអប្សរាចំពោះជាតិខ្មែរក៏ដូចជាលើឆាកអន្តរជាតិ ដោយសារមានការ ចូលរួមយ៉ាងសកម្ម ខ្ពង់ខ្ពស់ពីសំណាក់ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ កុសមៈនារីរត័្ន សិរីវឌ្ឍនា មន្ត្រីអ្នកមុខអ្នកការក្នុងព្រះ​បរមរាជវាំង មានលោក ហង្ស ធន់ហាក់ លោក ស៊ុំ សាម៉ៃ សាស្រ្តាចារ្យសិល្បៈសូន្យរូប និងលោកគ្រូរបស់លោកឈ្មោះទៀង ។



ប្រភព៖ Vichhika_FC