ចិន​ពង្រីក​ផ្ទៃ​ដី​ដាំដុះ​សណ្តែក​​សៀង​ កាត់​បន្ថយ​ការ​នាំចូល​

Posted by

ក្រុង​ហាប៊ីនៈ អ្នក​ដាំ​សណ្តែក​សៀង​​ក្នុង​ប្រទេស ​ចិន ​កំពុង​ពង្រីក​​ការ​ដាំដុះ ដើម្បី​សម្រេច​បាន​កំណើន​ឆាប់​រហ័ស​នៃ​ការ​ផ្គត់ផ្គង់​សណ្តែក​សៀង​គុណភាព​ខ្ពស់​នៅ​ឆ្នាំ​នេះ និង​​កាត់​​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​នាំចូល​របស់​ប្រទេស​នេះ។

ការ​ដាំ​សណ្តែក​សៀង​កំពុង​ធ្វើ​ឡើង​នៅ​ខេត្ត​ហេឡុងជាំង និង​​ជីលីន តំបន់​ស្វយ័ត​អ៊ីនន័រ​ម៉ុងហ្គោលី និង​ភាគ​កណ្តាល​នៃ​ខេត្ត​ហេណាន ដោយ​មាន​ការ​​ប៉ាន់​ប្រមាណ​ថា​ អត្រា​ពង្រីក​​ការ​​ដាំដុះ​មាន​ជាង ១០ ភាគរយ​នៅ​ឆ្នាំ​នេះ។

យោង​តាម​របាយការណ៍​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ចិន​ឆ្នាំ ២០១៩ ដែល​បាន​ចេញ​ផ្សាយ​នៅ​សប្តាហ៍​មុន បាន​ឲ្យដឹង​ថា ការ​នាំចូល​សណ្តែក​សៀង​របស់​ចិន​បាន​ធ្លាក់ចុះ​ជា​លើក​ដំបូង​​ក្នុង​​​រយៈពេល ៧ ឆ្នាំ។ ទំហំ​​នាំចូល​​មាន ៨៨,៣ លាន​តោន ​នៅ​ឆ្នាំ​មុន ធ្លាក់ចុះ ៧,៩ ភាគរយ ​ធៀប​នឹង​ឆ្នាំ ​២០១៧។

ឈ្មួញ​សណ្តែក​សៀង​បាន​បង្ហាញ​​ក្តីបារម្ភ​អំពី​ការ​កើន​ឡើង​ជម្លោះ​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ប្រទេស ​ចិន។

ប្រទេស ​ចិន ​កាល​ពី​ថ្ងៃ​ចន្ទ​សប្តាហ៍​មុន​បាន​ប្រកាស​ថា ខ្លួន​​នឹង​ដំឡើង​អត្រា​ពន្ធ​បន្ថែម​ទៀត​​​លើ​ផលិតផល​របស់​អាមេរិក​​​នាំចូល​មក​ប្រទេស ​ចិន ចាប់​ពី​ថ្ងៃ​ទី ១ ខែ ​មិថុនា ​ទៅ។ ការ​សម្រេច​ចិត្ត​​នេះ​បាន​កើត​មាន​ឡើង​​បន្ទាប់​ពី​អាមេរិក​បាន​ដំឡើង​ពន្ធ​លើ​ទំនិញ​ចិន​ដែល​មាន​​តម្លៃ ២០០ ពាន់​លាន​ដុល្លារ​ពី ១០ ភាគរយ ទៅ ២៥ ភាគរយ ​គិត​ចាប់​ពី​ថ្ងៃ​ទី ​១០ ខែ ឧសភា​ មក។

មន្ទីរ​កសិកម្ម​​​ខេត្ត​ហេឡុងជាំង បាន​​ប៉ាន់​ប្រមាណថា ផ្ទៃ​ដី​ដាំដុះ​​សណ្តែក​សៀង​បាន​កើន​​ឡើង​​ជាង ១០ ភាគរយ ​នៅ​​ឆ្នាំ​នេះ​ពី​ចំនួន ៣,៦ លាន​ហិកតា ​កាល​ពី​ឆ្នាំ​មុន។

នៅ​តំបន់​អ៊ីនន័រ​ម៉ុងហ្គោលី មាន​ផែនការ​បន្ថែម​ផ្ទៃដី​ដុះដាំ​សណ្តែក​សៀង​ចំនួន ១៣៣ ៣៣៣ ហិកតា​នៅ​ឆ្នាំ​នេះ ដែល​ធ្វើ​ឲ្យ​ផ្ទៃ​ដី​ដាំដុះ​សរុប​មាន​​ចំនួន ១,២ លាន​ហិកតា។

នៅ​ក្នុង​ខេត្ត​សានទុង សាលា​វិទ្យាសាស្រ្ត​កសិកម្ម​កំពុង​ចូលរួម​ក្នុង​សកម្មភាព​បង្កាត់​ពូជ​សណ្តែក​​​​សៀង​ថ្មី ដែល​មាន​សមត្ថភាព​ទប់ទល់​នឹង​ទឹក​ច្រើន និង​ដង្កូវ និង​កត្តា​ផ្សេង​​ទៀត៕ People’s Daily/KC

ប្រភព៖ ភ្នំពេញប៉ុស្តិ៍